ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក បំពេញទស្សនកិច្ចនៅតួកគី ជុំវិញបញ្ហាស៊ីរី និងការប្រយុត្ធប្រឆាំងក្រុមIS

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រេសិតពិសេសសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសស៊ីរី និងក្រុមចម្រុះប្រឆាំង ISIS លោក James Jeffrey នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាព នៅភាគពាយ័ព្យនៃប្រទេសស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងក្រុម IS ជាមួយទីក្រុងអង់ការ៉ា។

ក្នុងនោះផងដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញនេះដែរថា លោក Jeffrey នឹងធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល នៅថ្ងៃទី ៨ និង ៩ ខែវិច្ឆិកា ជាកន្លែងដែលលោក នឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់តួកគី និងសមាជិកនៃក្រុមប្រឆាំងស៊ីរី។

យោងតាមសេចក្តីថ្លែងការណ៍ បានអោយដឹងដែរថា លោក Jeffrey ដែលដឹកនាំគណៈប្រតិភូអន្តរក្រសួង នឹងពិភាក្សាលើបញ្ហានានា ដែលរួមមានស្ថានភាពបច្ចុប្បន្ននៅស៊ីរី ក៏ដូចជាការអនុវត្ត សេចក្តីសំរេចចិត្តលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានា បាននូវការបរាជ័យដ៏យូរអង្វែង របស់ក្រុម ISផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top