សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាខ្លួនបានយល់ព្រមធ្វើកិច្ចចរចាលើកទី ២ ជាមួយប្រទេសជប៉ុន នៅចុងខែនេះនៅក្នុងការប៉ុនប៉ង ចុងក្រោយរបស់ប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តលើការរឹតត្បិតការនាំចេញ របស់តូក្យូនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
លោកជុង ហៃក្វាន អគ្គនាយកកិច្ចការពហុភាគី និងច្បាប់នៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នឹងចូលជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក Junichiro Kuroda នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីព្យាយាមដោះស្រាយការរឹតត្បិត ការនាំចេញរបស់ជប៉ុន យ៉ាងឆាប់រហ័ស កិច្ចពិភាក្សានេះគឺជា ផ្នែកមួយនៃដំណើរការ ដោះស្រាយជម្លោះក្រោមវិធាន របស់អង្គការពាណិជ្ជកម្មពិភពលោក៕
ដោយ ឈូក បូរ៉ា