ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង​ នឹងធ្វេីសមយុទ្ធដែនអាកាសរួមគ្នា​ ដោយកាត់បន្ថយវិសាលភាព​ ក្រោយកូរ៉េខាងជេីង​ រិះគន់ខ្លាំង

វ៉ាស៊ីនតោន៖​ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​ នឹងធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយ​ ដោយកាត់បន្ថយវិសាលភាព នៅចុងខែនេះ​ ក្រោយពីមានការរិះគន់ខ្លាំងពីកូរ៉េខាងជេីង​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

អគ្គនាយករងកងទ័ពជើងទឹក សហរដ្ឋអាមេរិកលោក William Byrne បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា​ ព្រឹត្តិការណ៍ហោះហើររួមគ្នា នឹងមានទំហំតូចជាងសមយុទ្ធ Vigilant Ace ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន​ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បួង​ បានបង្ហាញពីផែនការមុននេះ​ ដែលជំរុញឱ្យមានការ ឆ្លើយតបយ៉ាងខឹងសម្បារពីកូរ៉េខាងជើង​ ដែលចាត់ទុកសមយុទ្ធសម្ព័ន្ធមិត្តទាំងអស់ ជាការហាត់សមការឈ្លានពាន ដោយមិនគិតពីវិសាលភាពរបស់ពួកគេ៕

ដោយ​ ឈូក​ បូរ៉ា

To Top