ព័ត៌មានអន្តរជាតិ

ក្រោយពីក្រុមបះបោរ សម្លាប់មនុស្សអស់ ១៥នាក់, កងទ័ពថៃ បដិសេធការអំពាវនាវ ឱ្យដកច្បាប់គ្រាមានអាសន្ន នៅខេត្តភាគខាងត្បូង

បរទេស៖ មេបញ្ជាការកងទ័ពទី ៤ ឈ្មោះ Phonsak Phunsawat បានទទូចថា ច្បាប់សន្តិសុខពិសេស នៅភាគខាងត្បូង ត្រូវបានរក្សាដដែល បន្ទាប់ពីការសម្លាប់រង្គាល របស់មនុស្សចំនួន ១៥ នាក់ នៅសប្តាហ៍នេះ នៅឯប៉ុស្តិ៍ត្រួតពិនិត្យអ្នកស្ម័គ្រចិត្ត ការពារស៊ីវិលនៅក្នុងស្រុកមឿង នៅខេត្ត យ៉ាឡា។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការកត់សម្គាល់ របស់មេបញ្ជាការកងទ័ពទី ៤ រូបនេះ ធ្វើឡើងចំពេល មានការអំពាវនាវ ឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ នូវការប្រើប្រាស់ច្បាប់ពិសេស នៅក្នុងតំបន់ ដូចជាច្បាប់សន្តិសុខផ្ទៃក្នុង និងអនុក្រឹត្យស្ថានភាពបន្ទាន់ ស្តីពីការព្រួយបារម្ភ អំពីការរំលោភសិទ្ធិមនុស្ស។

លោកឧត្តមសេនីយ៍ទោ Phonsak បានមានប្រសាសន៍ថា រដ្ឋាភិបាលនៅតែព្យាយាម ដោះស្រាយអំពើហិង្សាបះបោរ តាមរយៈកិច្ចចរចាសន្តិភាព ប៉ុន្តែជាមួយក្រុមសកម្មប្រយុទ្ធ នៅតែសកម្មនៅក្នុងតំបន់អាជ្ញាធរសន្តិសុខ ចាំបាច់ត្រូវរក្សាការអនុវត្តច្បាប់ពិសេសនេះ។

លោកបានថ្កោលទោស ចំពោះអ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយហៅសកម្មភាពរបស់ពួកគេ ថាជាការរំលោភសិទ្ធិមនុស្ស។

មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Nor Matha កាលពីម្សិលមិញបានចូលរួម ក្នុងការអំពាវនាវ ឱ្យលុបចោលច្បាប់សន្តិសុខពិសេស នៅភាគខាងត្បួង និងជំរុញឱ្យរដ្ឋពន្លឿនកិច្ចចរចាសន្តិភាព៕ ប្រែសម្រួលៈ ណៃ តុលា

To Top