ព័ត៌មានអន្តរជាតិ

បាតុកម្មនៅហុងកុង បណ្តាលឱ្យនិស្សិត ទើបបញ្ចប់ការសិក្សាម្នាក់ស្លាប់

ហុងកុង៖ មន្ត្រីមន្ទីរពេទ្យ បាននិយាយនៅថ្ងៃសុក្រនេះថា និស្សិតហុងកុងម្នាក់ ដែលបានធ្លាក់ពីចំណតរថយន្ត ខណៈពេល ដែលប៉ូលិស និងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នា កាលពីចុងសប្តាហ៍មុន បានស្លាប់ហើយ ។ ដំណឹងនេះ ទំនងជានឹងបង្កើនភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការប្រមូលផ្តុំគ្នា ដោយហិង្សាជាច្រើនខែនៅក្នុងទីក្រុង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកAlex Chow អាយុ ២២ ឆ្នាំជានិស្សិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ត្រូវបានបញ្ជាក់ថា បានស្លាប់នៅម៉ោង ៨ និង ០៩ ព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់ ពីខាងមន្ទីរពេទ្យ Queen Elizabeth។

លោក Chow ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពលែងដឹងខ្លួន នៅព្រឹកព្រលឹមថ្ងៃច័ន្ទ បន្ទាប់ពីការប៉ះទង្គិចគ្នា នៅពេលយប់រវាងប៉ូលិស និងក្រុមបាតុករ។

សូមជម្រាបថា និស្សិតរូបនេះ កាលពីត្រូវបានគេប្រទះឃើញដេកសន្លប់ នៅក្នុងថ្លុកឈាមមួយ នៅខាងចំណតរថយន្ដ ដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូល បន្ទាប់ពីក្រុមអ្នកតវ៉ា បានគប់វត្ថុពីលើអគារ កាលពីសប្តាហ៍មុន៕ ប្រែសម្រួលៈ ណៃ តុលា

To Top