បរទេស៖ យន្ដហោះចម្បាំង F-16 របស់អាមេរិក បានធ្វើឱ្យធ្លាក់គ្រាប់បែកគំរូដោយចៃដន្យ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅខេត្ត Aomori ខាងជើងរបស់ប្រទេសជប៉ុន ដែលក្រោយមកត្រូវបានគេរកឃើញ នៅលើដីឯកជន នៅខាងក្រៅកន្លែងហ្វឹកហាត់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា “ខណៈកំពុងធ្វើការហ្វឹកហាត់ យន្តហោះ F-16 នៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា យន្តហោះនេះ បានបញ្ចេញឧបករណ៍ (គ្រាប់បែកគំរូ) នៅចម្ងាយ ៥ គីឡូម៉ែត្រ ពី Draughon កាលពីល្ងាចថ្ងៃពុធ។ មូលហេតុនៃឧប្បត្តិហេតុនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ហើយ USFJ បានជូនដំណឹងដល់ GOJ [រដ្ឋាភិបាលជប៉ុន] ។
យោងតាមយោធាអាមេរិក គឺមិនទាន់មានរបាយការណ៍ អំពីការរងរបួស ឬការខូចខាតនៅឡើយទេ។
សូមជម្រាបថា ឧប្បត្តិហេតុស្រដៀងគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះយោធាអាមេរិក ដែលឈរជើងនៅជប៉ុន បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេសយ៉ាងហោចណាស់ ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង បានចុះចតជាបន្ទាន់ នៅក្នុងតំបន់លំនៅដ្ឋាន នៃខេត្តអូគីណាវ៉ា ហើយសិស្សអាយុ ១០ ឆ្នាំម្នាក់ បានរងរបួសស្រាល បន្ទាប់ពីបង្អួចឧទ្ធម្ភាគចក្រ បានធ្លាក់ចូលសាលារៀនក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា