បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush អាយុ ៧៣ ឆ្នាំ ត្រូវបានសួរសំណួរ អំពីនយោបាយ ពីសំណាក់អតីតលេខាធិការ សារព័ត៌មាន Fox News គឺលោកស្រី Dana Perino នៅទីក្រុង Crawford រដ្ឋតិចសាស់ កាលពីថ្ងៃសុក្រ ដែលអ្នកកាន់តំណែងទី ៤៣ នៃការិយាល័យ Oval Office បានចូលរួម ការប្រណាំងកង់ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ ដល់អតីតយុទ្ធជនយោធា សហរដ្ឋអាមេរិក។ នៅក្នុងពេលនោះ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush បាននិយាយថា សហរដ្ឋអាមេរិក កំពុងឆ្លងកាត់រយៈពេល មិនមានស្ថិរភាព។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Bush ប្រាប់អតីត អគ្គលេខាធិការព័ត៌មានរបស់លោកថា «ខ្ញុំមានសុទិដ្ឋិនិយមអំពីអនាគត ពីព្រោះដូចដែលអ្នក បាននិយាយពីលទ្ធិប្រជាធិបតេយ្យ ហើយវាគឺជាការព្យាបាលដោយខ្លួនឯង។ នេះគឺជារយៈពេល ដែលមិនមានស្ថេរភាព នៅក្នុងប្រទេសរបស់យើង ប៉ុន្តែវាមិនមែនជាលើកទី ១ ទេដែលយើងឆ្លងកាត់ អំឡុងពេលដែលគ្មានស្ថិរភាពបែបនេះ» ។
នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃសុក្រនោះ ប្រធានាធិបតីអាមេរិកទី ៤៣ របស់អាមេរិករូបនេះ មិនបានធ្វើការបញ្ជាក់អ្វីចំៗ អំពីគោលនយោបាយ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បច្ចុប្បន្ននោះទេ៕ ប្រែសម្រួលៈ ណៃ តុលា