មូស្គូ៖ លោក John Shipton ដែលជាឪពុករបស់ស្ថាបនិក វេទិកានិយាយរឿងអាស្រូវ WikiLeaks គឺលោក Julian Assange ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ នៅចក្រភព អង់គ្លេស បាននិយាយថា លោកបានទៅសួរសុខទុក្ខកូនប្រុសរបស់លោក ហើយ“ ប្រឈមនឹងការពិតដ៏ជូរចត់” ដែល Assange អាចនឹងស្លាប់នៅក្នុងគុក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក John Shipton បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង ហ្សឺណែវ កាលពីថ្ងៃសុក្រ ដោយត្រូវបានស្រង់ដោយសារព័ត៌មាន Daily Mail ថា « Julian Assange អាចស្លាប់នៅក្នុងគុក ដោយសារការធ្វើទុក្ខបុកម្នេញរយៈពេល ៩ ឆ្នាំ ចំពោះ ការបង្ហាញការពិតនៃឧក្រិដ្ឋកម្មសង្រ្គាម … នេះមិនមែនជាការខកចិត្ត ដ៏ជូរចត់របស់ឪពុកទេ នេះគ្រាន់តែជាការពិតប៉ុណ្ណោះ” ។ លោកបន្ថែមថា លោកបាន ទៅសួរសុខទុក្ខលោក Assange ក្នុងពន្ធនាគារពីរថ្ងៃមុន។
បន្ទាប់ពីបានជួបជាមួយកូនប្រុស របស់លោកនៅក្នុងពន្ធនាគារកាលពីខែសីហា លោក Shipton បាននិយាយថា លោក Assange បានស្រកទំងន់ ទទួលរងពីការថប់បារម្ភ និងត្រូវបានទទួលរងនូវ “ការធ្វើទារុណកម្មគ្រប់ប្រភេទ»។
អ្នកជំនាញជាច្រើនបាននិយាយថា សុខភាពរបស់លោក Assange កាន់តែយ៉ាប់យ៉ឺន នៅក្នុងពន្ធនាគារ។
នៅក្នុងខែឧសភា អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ របស់អង្គការសហប្រជាជាតិ លោក Nils Melzer បានថ្កោលទោសចំពោះការរំលោភបំពាន ដោយចេតនា និងរួមបញ្ចូលគ្នា ដែលបានធ្វើទៅលើ Assange អស់រយៈពេលជាច្រើនឆ្នាំ ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងស៊ុយអែត។
អ្នកជំនាញបាននិយាយថា Assange ត្រូវបានគេធ្វើទុក្ខបុកម្នេញ ជាលក្ខណៈប្រព័ន្ធ ហើយសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ដោយសារការអូសបន្លាយរយៈពេលយូរ របស់គាត់ចំពោះភាពតានតឹង និងការប៉ះទង្គិចផ្លូវចិត្ត៕