CHUMPHON៖ អតីតមេដឹកនាំក្នុងតំបន់ម្នាក់ ត្រូវបានឃុំខ្លួនបន្ទាប់ពី បានបាញ់សម្លាប់ សមាជិកគ្រួសារអស់ ៣ នាក់ ក្នុងនោះមានស្ត្រី ២ នាក់និងក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ក្រោយពីមានការឈ្លោះ ប្រកែកគ្នាជុំវិញលុយបំណុល ១៣ លានបាត ដែលជនសង្ស័យ បាននិយាយថា គ្រួសារនោះបានជំពាក់គាត់។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា មន្ត្រីប៉ូលីសប្រចាំតំបន់ បាននិយាយថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍នៅឯផ្ទះមួយនៅឃុំ Khun Krathing នៅក្នុងស្រុកមឿង។
សារព័ត៌មានថៃ បានផ្សាយថា ប៉ូលីស និងអ្នកជួយសង្គ្រោះ បានរកឃើញស្ត្រីពីរនាក់ បានស្លាប់ នៅខាងមុខផ្ទះ។ សពក្មេងស្រីម្នាក់ទៀត ត្រូវបានរកឃើញនៅខាងក្នុងផ្ទះ។ ជនរងគ្រោះទាំងអស់គ្នា បានរងរបួសដោយគ្រាប់កាំភ្លើង។
មនុស្សពេញវ័យ ដែលស្លាប់ត្រូវបានគេស្គាល់ត្រឹមតែ ជាម្ចាស់ផ្ទះឈ្មោះជិនដា អាយុ ៦១ ឆ្នាំ និងឈ្មោះ Pornthip អាយុ ៣៨ ឆ្នាំ។ កូនពីរនាក់របស់អ្នកស្រី Pornthip គឺក្មេងស្រីអាយុ ១៥ ឆ្នាំ និងក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ បានរត់រួចខ្លួនអំឡុងការ វាយប្រហារនោះ៕
ប្រែសម្រួលៈ ណៃ តុលា