ព័ត៌មានអន្តរជាតិ

មិនត្រូវរឿង អាវុធ តែត្រូវរឿងធម៌, នាយករដ្ឋមន្រ្តីឥណ្ឌា ថ្លែងអំណរគុណ ដល់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ចំពោះកិច្ចសហប្រតិបត្តិការ បើកច្រករបៀង Sikh

បរទេស៖ មុននេះ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត លើច្រករបៀង Kartarpur ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រា Sikh មកពីប្រទេសឥណ្ឌា ទទួលបានសិទ្ធិចូលទស្សនាដោយមិនចាំបាច់មានទិដ្ឋាការនៅតំបន់ដ៏សក្ការៈរបស់សាសនា នៅខេត្ត Narowal នៃប្រទេសប៉ាគីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចំពោះ“ កិច្ចសហប្រតិបត្តិការ” របស់លោក លើការបើកច្រករបៀង Sikh ដោយមិនចាំបាច់ប្រើទិដ្ឋាការ។

លោក Modi បាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថាន គឺលោក Imran Khan ចំពោះការគោរពមនោគតិរបស់ប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណគាត់ចំពោះកិច្ចសហប្រតិបត្តិការរបស់លោក»។ ច្រករបៀង Kartarpur គ្រោងនឹងបើកនៅថ្ងៃទី ៩ ខែវិច្ឆិកា។

អ្នកធ្វើធម្មយាត្រាឥណ្ឌា Sikhs បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើធម្មយាត្រាប្រវត្តិសាស្ត្រមួយទៅកាន់ប្រទេសប៉ាគីស្ថាន ដោយឆ្លងទៅកាន់កន្លែងមួយក្នុងចំណោមកន្លែងដែលមានជំនឿសាសនាបំផុត ក្រោមកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងប្រទេសទាំងពីរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top