បរទេស៖ លោក Evo Morales បានទទួលយកការស្នើសុំសិទ្ធិ ជ្រកកោននយោបាយ នៅប្រទេសម៉ិកស៊ិក មួយថ្ងៃបន្ទាប់ពីលោកបាន លាលែងពីតំណែងជាប្រធានាធិបតី នៃប្រទេសបូលីវី ចំពេលមានការតវ៉ា ប្រឆាំងនឹងការបន្លំសន្លឹកឆ្នោត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសារធ្វីតធ័រ លោក Morales បាននិយាយថា វាឈឺចាប់ណាស់ដែលត្រូវចាកចេញពីបូលីវី ប៉ុន្តែលោកនឹងត្រលប់ មកវិញជាមួយ “កម្លាំងនិងថាមពល” ខ្លាំងជាងមុន។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិចស៊ិក លោក Marcelo Ebrard បានបញ្ជាក់ថា លោក Morales បានឡើងជិះយន្តហោះរបស់ រដ្ឋាភិបាលម៉ិកស៊ិក។
ទន្ទឹមនឹងនេះដែរ មេបញ្ជាការយោធារបស់បូលីវី បានបញ្ជាឱ្យ កងទ័ពគាំទ្រប៉ូលីសដែលបានប៉ះទង្គិចជាមួយអ្នក គាំទ្ររបស់លោក Morales។ មនុស្សប្រមាណ ២០ នាក់ត្រូវបានរាយការណ៍ថា បានរងរបួសនៅក្នុងការ ប៉ះទង្គិចគ្នានេះ៕ ប្រែសម្រួលៈ ណៃ តុលា