បរទេស៖ កិច្ចសម្រុះសម្រួល អ្វីៗទាំងអស់ លើកលែងតែអាវុធ ឬ EBA គឺជាសសរស្តម្ភមួយ នៃគម្រោងប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអ៊ឺរ៉ុប ដែលផ្តល់សិទ្ធិដោយឯកតោភាគី ដោយមិនគិតពន្ធ និង កូតា ទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ និងគ្រាប់រំសេវ) ពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត របស់ពិភពលោក ដែលបានកំណត់ដោយ អង្គការសហប្រជាជាតិ។ ការអនុគ្រោះផ្នែកពាណិជ្ជកម្មទាំងនេះ អាចត្រូវបានផ្អាកក្នុងករណី“ រំលោភគោលការណ៍យ៉ាងធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដែលមានចែងនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលមានចុះក្នុងឧបសម្ព័ន្ធទី ៨ នៃបទបញ្ញត្តិ GSP ។
បើយោងតាមគេហទំព័រ របស់គណៈកម្មការអឺរ៉ុប បានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រទេសកម្ពុជា គឺជាអ្នកទទួលផលធំជាងគេទី ២ នៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម EBA ដែលមានចំនួនជាង ១៨% នៃការនាំចូលទាំងអស់ ដែលចូលមកទីផ្សារអឺរ៉ុប ក្រោមគម្រោង EBA ក្នុងឆ្នាំ ២០១៨ ។ ការនាំចូលពីសហភាពអឺរ៉ុបពីប្រទេសកម្ពុជា មានចំនួនសរុប ៥,៣ ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៨ ដែល ៩៥% នៃទំនិញរួចពន្ធទាំងនោះ បានចូលសហភាពអឺរ៉ុប ទាញយកផលប្រយោជន៍ ពីការអនុគ្រោះពន្ធ EBA ។ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានប្រហែល ៣ ភាគ ៤ នៃការនាំចូល របស់សហភាពអឺរ៉ុបពីកម្ពុជា (៤ ពាន់លានផោន) ។
ដោយអនុលោមតាមវិធាន ដែលមានចែងនៅក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប បច្ចុប្បន្ន កម្ពុជាមានរយៈពេលមួយខែ ដើម្បីប្រតិកម្មចំពោះរបាយការណ៍បឋមនេះ។ បន្ទាប់មកគណៈកម្មការ នឹងបញ្ចប់របាយការណ៍ និងធ្វើការសំរេចចិត្តនៅខែកុម្ភៈ ឆ្នាំ ២០២០ ស្តីពីថាតើ ត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា។
គោលបំណងនៃនីតិវិធីនេះ គឺដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា។ ស្របពេលដែលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា លើគោលបំណងនេះ ការកែលម្អពិតប្រាកដ និងគួរឱ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភគឺចាំបាច់ ដើម្បីចៀសវាងការដកការអនុគ្រោះ EBA ៕ ប្រែសម្រួលៈ ដើមអម្ពិល