ហាវ៉ាណា: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសគុយបានិងអេស្បាញ បានចុះហត្ថលេខានៅទីក្រុងហាវ៉ាណា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ លើកិច្ចព្រមព្រៀង ដែលផ្តោតសំខាន់ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា នៅក្នុងវិមានបដិវត្ត របស់ទីក្រុងហាវ៉ាណា ដោយមានហត្ថលេខី ដោយរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា លោក Bruno Rodriguez និងសមភាគីអេស្ប៉ាញ លោក Josep Borrell Fontelles ក្រោមវត្តមាន របស់ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងព្រះមហាក្សត្រ Felipe VI នៃប្រទេសអេស្បាញ។
គួរឲ្យដឹងដែរថា ព្រះចៅអធិរាជអេស្បាញ បានមកដល់ទីក្រុងហាវ៉ាណា កាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ ដែលជាផ្នែកមួយ នៃការប្រារព្ធពិធីរំលឹកខួបគម្រប់ ៥០០ ឆ្នាំនៃកំណើតទីក្រុងហាវ៉ាណា ហើយក្នុងនោះផងដែរ គេមើលឃើញនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់ស្តេចអេស្បាញ ទៅកាន់គុយបា៕
ប្រែសម្រួល:ស៊ុនលី