អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា មូលនិធិដើម្បីកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជំងឺរលាកសួត ត្រូវបានគេប្រកាសឲ្យដឹងថា បានឆក់យកជីវិតកុមារ អាយុក្រោម៥ឆ្នាំ រៀងរាល់៣៩វិនាទីម្តង ហើយមកដល់ពេលនេះ មានកុមារស្លាប់ដោយសារ ជំងឺនេះអស់ជាង ៨០០.០០០នាក់ហើយ ។
អង្គការយូនីសេហ្វ (UNICEF)បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថ្ងៃទី១២ ខែវិច្ឆិកា ជាថ្ងៃខួបប្រចាំឆ្នាំ នៃជំងឺរលាកសួតពិភពលោក ហើយឆ្នាំនេះ មានអង្គការចំនួន៦ដែលផ្តោតសំខាន់លើបញ្ហាសុខភាព និងអង្គការ សម្រាប់កុមារ បានប្រារព្វពិធីនេះនៅទូទាំងសកលលោក ។
នៅក្នុងខែមករា ខាងមុខនេះ ក្រុមអង្គការខាងលើ នឹងរៀបចំវេទិកា សម្រាប់បណ្តាមេដឹកនាំពិភពលោក ដោយផ្តោតសំខាន់លើ បញ្ហាជំងឺរលាកសួតលើកុមារ នៅក្នុងប្រទេស អេស្ប៉ាញ ។
លោកស្រី Henrietta Fore នាយកប្រតិបត្តិរបស់អង្គការយូនីសេហ្វ បានថ្លែងយ៉ាងដូច្នេះថា “ជារៀងរាល់ថ្ងៃ កុមារជិត២.២០០នាក់បានបាត់បង់ជីវិតដែលមានអាយុក្រោម៥ឆ្នាំ ដោយសារជំងឺរលាកសួត ។ ហេតុដូច្នេះហើយ ពិភពលោកត្រូវតែចូលរួមឲ្យខ្លាំងក្លាបំផុតដើម្បីទប់ស្កាត់ ក៏ដូចជាប្រឆាំងឲ្យបាននូវជំងឺនេះ” ។
អង្គការបានបញ្ជាក់ថា កុមារជាងពាក់កណ្តាលដែលបានស្លាប់ដោយសារជំងឺរលាកសួត គឺមានប្រទេសនីហ្សេរីយ៉ា ឥណ្ឌា ប៉ាគីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអេត្យូពី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា