បរទេស៖ ប្រទេសចិនបាននិយាយ នៅថ្ងៃពុធនេះថា កោះតៃវ៉ាន់កំពុងតែនិយាយបំភិតបំភ័យ តាមរយៈការនិយាយអំពីការវាយប្រហារអាច កើតមានពីប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ និាយថា ទីក្រុងប៉េកាំង អាចនឹងងាកទៅរកជម្លោះយោធា ដើម្បីបង្វែរទិសសម្ពាធក្នុងស្រុក ប្រសិនបើញាំញីដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ច។
លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យទទួលបន្ទុកកិច្ចការ កោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ការថ្លែងរបស់ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ គឺជាសម្រាមគ្មានប្រយោជន៍អ្វីទាល់តែសោះ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោករដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu បាននិយាយប្រាប់កាសែតមួយថា ប្រទេសចិនអាចនឹង វាយប្រហារកោះតៃវ៉ាន់ ប្រសិនបើមានការគម្រាមកំហែងណាមួយ ចំពោះគណបក្សកុម្មុយនិស្ត កើនឡើងពីសម្ពាធសង្គម ដែលបណ្ដាលមកពីភាពយឺតថយចុះណាមួយ នៅក្នុងសេដ្ឋកិច្ចចិន ស្របពេលមានសង្គ្រាមជំនួញ ជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ប៉ាង កុង