វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងធ្វើការសម្រេចចិត្ត ក្នុងពេលឆាប់ៗ ថាតើត្រូវដាក់ពន្ធលើរថយន្ត ដែលនាំចូល និងគ្រឿងបន្លាស់រថយន្ត ឬយ៉ាងណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក ត្រាំ បានធ្វើការកត់សម្គាល់នេះ ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីតួកគី នៅឯសេតវិមាន ចំពេលមានការរំពឹងទុកថា លោកនឹងប្រកាសការសម្រេចនេះ នៅដើមថ្ងៃពុធ បន្ទាប់ពីមានការពន្យាពេល ៦ ខែក្នុងខែឧសភា។
ប្រទេសកូរ៉េខាងត្បួង បានខិតខំយ៉ាងខ្លាំង ដើម្បីឈ្នះការលើកលែង ពីពន្ធបន្ថែមណាមួយ ដោយលើកឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍អះអាងមួយ លោក ត្រាំ បានលើកឡើងថា “ខ្ញុំនឹងធ្វើការសម្រេចចិត្ត ដោយយុត្តិធម៌ក្នុងពេលឆាប់ៗនេះ ខ្ញុំបានសង្ខេបយ៉ាងពេញលេញ ខ្ញុំនឹងធ្វើការសម្រេចចិត្តឆាប់ៗនេះ”៕ ដោយ៖ ឈូក បូរ៉ា