បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានសម្តែងការ ស្វាគមន៍ ចំពោះប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅសេតវិមាន នាថ្ងៃពុធសប្ដាហ៍នេះ ហើយមេដឹកនាំទាំងពីរ នឹងប្រារព្ធធ្វើកិច្ចជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធា នៅក្នុងប្រទេសស៊ីរី ។
មេដឹកនាំនៃប្រទេសទាំងពីរនេះ ក៏ត្រូវបានគេរំពឹងទុកថា នឹងលើកឡើងអំពីការទិញ ប្រព័ន្ធការពាររុស្ស៊ី S-400 ដែលបានធ្វើឲ្យអាក់ខាន ដល់កិច្ចព្រមព្រៀងពីមុនមួយ សម្រាប់ទីក្រុងអង់ការ៉ាទិញ យកយន្តហោះចម្បាំងបំបាំងកាយ F-35 ថ្មី ពីមន្ទីរបញ្ចកោណផងដែរ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរងការរិះគន់យ៉ាងខ្លាំង កាលពីខែកញ្ញា នៅពេលលោកប្រកាសការ ដកទ័ពអាមេរិក ចេញពីប្រទេសស៊ីរី ស្របពេលដែលតួកគី ចាប់ផ្តើមប្រតិបត្តិការ វាយលុកដោយយោធា ប្រឆាំងនឹងកងកម្លាំងឃឺដ នៅភាគឦសាន៕
ប្រែសម្រួល៖ប៉ាង កុង