ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងក្រុមជីហាដឥស្លាម ប៉ាឡេស្ទីន សម្រេចធ្វើបទឈប់បាញ់គ្នា

បរទេស៖ ប្រទេសអ៊ីស្រាអែល និងក្រុមជីហាដឥស្លាម ប៉ាឡេស្ទីន តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានដល់ការ ធ្វើកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា ដើម្បីបញ្ចប់ការ ប្រយុទ្ធគ្នារយៈពេលពីរថ្ងៃ ដែលបានផ្ទុះឡើង នៅពេលដែលកងកម្លាំងអ៊ីស្រាអែល ធ្វើការវាយប្រហារ សម្លាប់មេដឹកនាំ របស់ក្រុមសកម្មនេះមួយរូប។

លោក Nickolay E. Mladenov ជាមន្ត្រីសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការ សន្តិភាពតំបន់មជ្ឈិមបូព៌ា បាននិយាយថា បទឈប់បាញ់គ្នា គឺត្រូវបានជួយ សម្រួលដោយប្រទេស អេហ្ស៊ីប ដោយមានជំនួយ ពីអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ជម្លោះ មិនឲ្យកើនកម្តៅខ្លាំងឡើង ក្លាយជាសង្គ្រាមពេញលេញ។

គួរបញ្ជាក់ថា បទឈប់បាញ់គ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលប្រមាណ៥០ម៉ោង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល ធ្វើការវាយប្រហារចូល ទៅក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ សម្លាប់មេបញ្ជាការ ជីហាដឥស្លាម លោក Baha Abu al-Ata បង្កឲ្យពួកសកម្មប្រយុទ្ធ ធ្វើការតបតសងសឹកវិញ ដោយបាញ់រ៉ុកកែត ជាច្រើនគ្រាប់ ចូលទៅក្នុងប្រទេស អ៊ីស្រាអែល៕

ប្រែសម្រួល៖ប៉ាង កុង

To Top