ព័ត៌មានអន្តរជាតិ

មន្ត្រីចរចាកូរ៉េខាងជើង មានបំណងចង់ជួប ជាមួយ សហរដ្ឋអាមេរិក

បរទេស ៖ មន្ត្រីចរចានុយក្លេអ៊ែ ជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយថា លោកត្រៀមជួបជាមួយ លោក Stephen Biegun តំណាងពិសេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៅមុនកាលផុតកំណត់ សម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នៅចុងឆ្នាំ២០១៩នេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយកាសែត ផ្លូវការកូរ៉េខាងជើង KCNA មន្ត្រីចរចាកូរ៉េខាងជើង លោក Kim Myong Gil បាននិយាយថា លោក Stephen Biegun បានស្នើឲ្យមានកិច្ចពិភាក្សាគ្នា នៅក្នុងខែធ្នូ នៅក្នុងប្រទេសទីបី។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់កូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានប្រាប់អ្នកសារព័ត៌មានថា លោកមានបំណង ចង់ធ្វើការកែសម្រួលទំហំ នៃការធ្វើសមយុទ្ធរួមគ្នា ដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការការទូត៕
ប្រែសម្រួល៖ប៉ាង កុង

To Top