ព័ត៌មានអន្តរជាតិ

ការស៊ើបអង្កេតបឋម៖ យន្តហោះចម្បាំង MiG-29K ឆេះធ្លាក់ពេលកំពុងហោះ ដោយសារសត្វស្លាប ហោះចូលម៉ាស៊ីន

បរទេស៖ ទោះបីជាការស៊ើបអង្កេត លើឧប្បត្តិហេតុកំពុងបន្តក៏ដោយ តែបើតាម របាយការណ៍បឋមបង្ហាញថា យន្តហោះចម្បាំង MiG-29K បានរងការវាយប្រហារ ពីបក្សីនៅពាក់កណ្តាលអាកាស ទើបបណ្តាលឱ្យឆេះម៉ាស៊ីន និងធ្លាក់ យ៉ាងណាក៏ដោយ អ្នកបើកយន្តហោះទាំងពីរនាក់បានរួចជីវិត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក GOA 365 របស់ឥណ្ឌាបានចុះផ្សាយ នូវរូបភាពបង្ហាញពីយន្តហោះម៉ាក MiG-29K របស់ឥណ្ឌា ដែលកំពុងធ្លាក់ពីលើមេឃ ដោយម៉ាស៊ីនរបស់វាត្រូវបានឆេះ។

យន្ដហោះនេះបានធ្លាក់នៅជិត ព្រះវិហារមួយនៅក្នុងភូមិ Verna រដ្ឋ Goa ។ ម៉ាស៊ីនខាងស្តាំរបស់យន្ដហោះនេះ បានដំណើរការខុសប្រក្រតី ភ្លាមៗបន្ទាប់ពីបាន ហោះចេញពីស្ថានីយ៍ទ័ពអាកាស INS HANSA នៅឯ Dabolim សម្រាប់បេសកកម្ម ហ្វឹកហាត់។

ខណៈពេលដែលមូលហេតុ ពិតប្រាកដនៃឧប្បត្តិហេតុនេះ នៅតែមិនទាន់ច្បាស់ នៅឡើយ ការសន្និដ្ឋានដំបូង គឺថាយន្ដហោះបានទទួលរងការវាយប្រហារពីបក្សី ទោះបីជាយន្តហោះនេះមានកម្រិតជាក់លាក់នៃការការពារប្រឆាំងនឹងវត្ថុខាងក្រៅចូលក្នុងម៉ាស៊ីនម៉ាស៊ីនក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top