ព័ត៌មានអន្តរជាតិ

ក្រុមនាវាផ្ទុកយន្តហោះចិន ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ស្របពេលយុទ្ធនាការឃោសនា បោះឆ្នោតបោះជំហានទៅមុខ

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ឲ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដឹកនាំដោយនាវាផ្ទុកយន្តហោះ ផលិតក្នុងស្រុកដំបូងរបស់ចិន ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត កំពុងតែប្រព្រឹត្តទៅ នៅលើកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានធ្វើការប្រកាសអំពីការធ្វើដំណើរ របស់ក្រុមនាវាផ្ទុកយន្តហោះចិនតាមច្រកសមុទ្រនោះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី លោកស្រីប្រធានាធិបតី ត្សា អ៊ីងវិន បានតែងតាំងដៃគូរបស់លោកស្រី សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ គឺអតីតនាយករដ្ឋមន្ត្រីមួយរូប ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងជាខ្លាំង កាលពីឆ្នាំមិញ ចំពោះការគាំទ្រឲ្យមានភាព ឯករាជ្យជាផ្លូវការសម្រាប់កោះតៃវ៉ាន់។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា តៃវ៉ាន់ប្រញាប់ប្រញាល់ ចេញនាវានិងយន្តហោះ ដើម្បីធ្វើការឃ្លាំមើលក្រុម នាវាផ្ទុកយន្តហោះចិននោះ និងធានាឲ្យបាននូវសន្តិសុខជាតិ និងកិច្ចការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top