ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិស និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន៨នាក់បានស្លាប់ ក្រោយពីមានករណី ក្រឡាប់ទូកលិច១គ្រឿង ដែលផ្ទុកមនុស្សចំនួន៤០នាក់ នៅក្នុងទន្លេ Sutlej នៅស្រុក Okara ស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ។
ប៉ូលិសនៅក្នុងតំបន់ បាននិយាយថា ឧប្បត្តិហេតុបានកើតឡើងនៅកន្លែង នៅគ្រាដែលពលរដ្ឋបានឆ្លងកាត់ទន្លេ នៅជិតតំបន់ Malhu Sheikha នៃស្រុកខាងលើ ។
យោងតាមក្រុមជួយសង្គ្រោះ បានឲ្យដឹងថា សាកសពចំនួន៨នាក់ ត្រូវបានក្រុមអ្នកនេសាទស្រង់ បានចេញពីទន្លេ ទន្ទឹមនឹងនេះដែរ ក្រុមរុករកនៅតែបន្ត ស្វែងរកអ្នកផ្សេងទៀតនៅឡើយ ។
ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងថែមទៀត ខណៈការជួយសង្គ្រោះខិតខំរុករក សម្រាប់ អ្នកដំណើរដទៃៗទៀត ដែលកំពុងបាត់ខ្លួន ហើយបានបន្ថែមថា មូលហេតុនៃឧប្បត្តិហេតុ មិនអាចដឹងបានថា មកពីអ្វីប្រាកដនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា