ព័ត៌មានអន្តរជាតិ

តម្លៃសណ្ឋាគារ រមណីយដ្ឋាននៅថៃ ចាប់ផ្តើម គៀប ជនជាតិអឺរ៉ុប

បរទេស៖ វិស្សមកាលនៅរមណីយដ្ឋានឆ្នេរ ដ៏ពេញនិយមមួយក្នុងប្រទេសថៃ ឥឡូវមានតម្លៃថ្លៃ ឬថ្លៃខ្លាំងជាងនៅប្រទេសក្រិក អ៊ីតាលី អេស្ប៉ាញ តួកគី និងប្រទេសអេហ្ស៊ីប ដែលកំពុងធ្វើឱ្យមានការលំបាក ក្នុងការទាក់ទាញជនជាតិអឺរ៉ុប ឱ្យចូលមកប្រទេសនេះ។ នេះបើយោងតាមគេហទំព័រ ធ្វើដំណើរពិភពលោក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា របាយការណ៍របស់ Skift បានធ្វើបទសម្ភាសន៍ ជាមួយប្រតិបត្តិករទេសចរណ៍មួយចំនួន ដែលមានមូលដ្ឋាននៅអឺរ៉ុប ដែលបាននិយាយថា ការព្រួយបារម្ភ របស់អតិថិជនរបស់ពួកគេរួមមាន ការអភិវឌ្ឍហួសគោលដៅ ទេសចរណ៍ថៃ។ អ្នកខ្លះក៏បានត្អូញត្អែរថា ការផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងទៅលើអ្នកធ្វើដំណើរអាស៊ីនៅថៃ ជាពិសេសជនជាតិចិន បានធ្វើឱ្យប្រជាជនអឺរ៉ុបមួយចំនួនមិនមានអារម្មណ៍ស្វាគមន៍ ឬទទួលបានការស្វាគមន៍តិចតួច។

ការចំណាយលើរមណីយដ្ឋានផ្កាយ៥ នៅកោះសាមុយ កោះផែង និងកោះសាម៉េត បានឈានដល់ចំនួន ៥០០ ដុល្លារក្នុងមួយបន្ទប់ ក្នុងមួយយប់ រួមទាំងអាហារពេលព្រឹក របស់អាមេរិកផងដែរ។ នេះបើតាមការផ្សាយរបស់ Skift ដែលបានស្រង់តួលេខពី Diethelm Travel Group ដែលជាប្រតិបត្តិករទេសចរណ៍ ចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។

តម្លៃនោះគឺប្រហាក់ប្រហែលនឹងតម្លៃ នៃរមណីយដ្ឋានឆ្នេរផ្កាយ៥មួយនៅប្រទេសក្រិក អ៊ីតាលី និងប្រទេសអេស្បាញ ហើយមានតម្លៃថ្លៃជាងទ្រព្យ ដែលអាចប្រៀបធៀបបាននៅប្រទេសតួកគី ឬអេហ្ស៊ីប ដែលមានតម្លៃ ៣៥០ ដុល្លារក្នុងមួយយប់។ នេះបើយោងតាម Diethelm។

តម្លៃសម្រាប់សណ្ឋាគារឆ្នេរខ្សាច់លំដាប់ផ្កាយ ៤ របស់ប្រទេសថៃ ក៏បង្ហាញនូវគំរូស្រដៀងគ្នានេះដែរ។ ពួកគេមានតម្លៃប្រហែល ៣៥០ ដុល្លារ ដូចប្រទេសក្រិក អ៊ីតាលី និងអេស្ប៉ាញ ហើយខ្ពស់ជាង ២០០ ដុល្លារដែលឃើញមាននៅក្នុងប្រទេសតួកគី និងអេហ្ស៊ីប និង ៣០០ ដុល្លារនៅប្រទេសអាល្លឺម៉ង់ប្រទេសអូទ្រីស។ និងស្វីស៕

ប្រែសម្រួលៈ ណៃ តុលា

To Top