ព័ត៌មានអន្តរជាតិ

សាលារៀនជាច្រើន នៅទូទាំងភាគអាគ្នេយ៏អូស្ត្រាលី ត្រូវបិទទ្វារ ដោយភ្លើងឆេះព្រៃគំរាមកំហែង កាន់តែខ្លាំងឡើងៗ

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា នៅថ្ងៃពុធនេះ សាលារៀនជាង ១០០កន្លែង នៅទូទាំងតំបន់ស្ថិតនៅភាគអាគ្នេយ៏នៃប្រទេសអូស្ត្រាលី ត្រូវបានបិទ ទ្វារ ហើយក្រុមមន្ត្រីបានព្រមានដល់ពលរដ្ឋនៅក្នុងតំបន់អំពីហានីភ័យខ្លាំងបំផុត ដែលនឹងត្រៀមខ្លួនសម្រាប់ការ ជម្លៀសខ្លួនចេញ ខណៈដែលការព្យាករណ៍អំពីសីតុណ្ហភាពកើនឡើងខ្ពស់ ដែលហានីភ័យនេះកើតឡើង ដោយសារតែភ្លើងឆេះព្រៃ ឆាបឆេះកាន់តែខ្លាំង ។

អូស្ត្រាលី បានទប់ទល់នឹងភ្លើងឆេះព្រៃ នៅទូទាំងតំបន់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលបានបង្កទុក្ខភ័យដល់សហគមន៍ជាច្រើន ។ ភ្លើងឆេះព្រៃបានកើតឡើងនៅក្នុងខែនេះ ដែលមានការអះអាងថា មានពលរដ្ឋ៤នាក់ បាន បាត់បង់ជីវិត ហើយផ្ទៃដីប្រមាណ១លានហិកតា ត្រូវបានរងការបំផ្លាញ និងភ្លើងបានបង្កការឆាបឆេះផ្ទះដោយ បំផ្លាញអស់ជាង៣០០ខ្នង ។

នៅថ្ងៃពុធនេះ ក្រុមមន្ត្រីអគ្គីភ័យបានព្រមានអំពីគ្រោះថ្នាក់ដោយសារអគ្គីភ័យ ដល់កម្រិតមួយដែលបង្កជា ”មហន្តរាយ” ជាមួយគ្នានេះដែរ សីតុណ្ហភាពបានកើនឡើងដល់ ៤២អង្សាសេ និងមានខ្យល់បោកបក់ខ្លាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top