ព័ត៌មានអន្តរជាតិ

ខណៈកំពុងតានតឹង អាមេរិក រំលឹកឲ្យជប៉ុន និងកូរ៉េខាងត្បូង ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្ដិការត្រីភាគី

វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ៤០ នាក់បានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីសប្តាហ៍មុនដោយបញ្ជាក់ ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី នៅចំពោះមុខការកើនឡើងនៃបញ្ហាប្រឈម ដែលបង្កឡើងដោយកូរ៉េខាងជើង និងចិន។

លិខិតនោះចុះថ្ងៃព្រហស្បតិ៍ត្រូវបានបញ្ជូនមុនពេល កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងយោធាក្រុងសេអ៊ូល និងតូក្យូ ត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

កូរ៉េខាងត្បូង បានពន្យារពេលការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខព័ត៌មានទូទៅនៃយោធា បន្ទាប់ពីជប៉ុនមានឆន្ទៈ ធ្វើកិច្ចចរចាកម្រិតការងារ ស្តីពីវិធានការត្រួតពិនិត្យការនាំចេញរបស់ប្រទេសទាំងពីរ ហេីយសហរដ្ឋអាមេរិក ក៏បានអំពាវនាវយ៉ាងទទូចឱ្យភាគីទាំងសងខាងជួយដោះស្រាយកិច្ចព្រមព្រៀងនេះផងដែរ៕
ដោយ ឈូក បូរ៉ា

To Top