ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងនេប៉ាល់ ប្រឹងប្រែងធ្វើចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងយោធាថ្មី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីនិងប្រទេសនេប៉ាល់ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិមួយ ហើយក៏កំពុងតែសម្លឹងពង្រីក ចំណងមិត្តភាពប្រទេសទាំងពីរ ក្នុងវិស័យអាកាសចរណ៍និងថាមពល។

ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Pradeep Kumar Gyawali នៅក្នុងទីក្រុងមូស្គូ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា កិច្ចព្រមព្រៀងថ្មីនោះ គឺគ្របដណ្ដប់លើសហប្រតិបត្តិការ យោធានិងបច្ចេកទេស។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Sergey Lavrov និងលោក Pradeep Kumar Gyawali ក៏បានពិភាក្សាគ្នាផងដែរ អំពីការពង្រីកជំនួញទ្វេភាគី ក្នុងទំនិញចាស់ ក៏ដូចជាកម្រិតនៃ សហប្រតិបត្តិការផ្នែកថាមពលថ្មី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top