វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១ ខែធ្នូនេះ បានឲ្យដឹង កុមារ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានរកឃើញថាស្លាប់ កាលពីថ្ងៃសៅរ៍ នៅសហរដ្ឋអាមេរិក នៃរដ្ឋអារីហ្សូណា បន្ទាប់ពីទឹកជំនន់ បានជន់លិចនិងហូរ យករថយន្តមួយគ្រឿង ដែលពួកគេកំពុងស្ថិត នៅពីខាងក្នុង។
បណ្តាញទូរទស្សន៍ NBC News បានដកស្រង់សំដីការិយាល័យប៉ូលីស ប្រចាំតំបន់ Gila ដែលបានបញ្ជាក់ថារថយន្ត ដែលដឹកកុមារ ៧ នាក់និងមនុស្សពេញវ័យ ២ នាក់ត្រូវបានទឹកហូរចូល ទៅក្នុងទឹកទន្លេស្ថិតនៅ ក្បែរព្រៃ National Tonto ក្នុងតំបន់ Gila កាលពីថ្ងៃសុក្រ។
ក្នុងហេតុការណ៍នោះ មនុស្សពេញវ័យនិងក្មេង ចំនួន៤នាក់ អាចគេចចេញពីក្នុងរថយន្ត ហើយនឹងត្រូវបានឧទ្ធម្ភាគចក្រ ធ្វើដំណើរមកដល់ទាន់ពេល និងសង្គ្រោះជីវិតតែម្តង តែអកុសលក្មេង៣នាក់ ដែលមានអាយុចន្លោះ ពី៥ទៅ១០ឆ្នាំ បានបាត់ខ្លួនទៅជាមួយ នឹងរថយន្តរហូតដល់ថ្ងៃសៅរ៍៕
ប្រែសម្រួល:ស៊ុនលី