ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងគម្រាមជប៉ុនថា អាចនឹងស្គាល់ អ្វីទៅជាគ្រាប់មីស៊ីលឆ្លងទ្វីបពិតៗ ពេលខាងមុខនេះ

បរទេស: កន្លងមកប្រទេសកូរ៉េខាងជើង ធ្លាប់បានចាត់ទុកនាយករដ្ឋមន្រ្តីជប៉ុន លោកអាបេ ជាមនុស្សក្លែងខ្លួន និងមនុស្សទាបតឿខាងផ្នែកនយោបាយ ហើយថែមទាំងបានចោទប្រកាន់លោកថា បានព្យាយាមលាបពណ៌ថា សកម្មភាពតេស្តអាវុធ របស់ខ្លួនចុងក្រោយនេះ គឺជារឿងដែលមិនត្រឹមត្រូវ។

មុននេះលោកអាបេធ្លាប់បាន ប្រកាសថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីល ឆ្លងទ្វីបរបស់ខ្លួនម្តងហើយម្តងទៀត ជាពិសេសនៅបន្ទាប់ ពីការបាញ់ផ្លោងពីរគ្រាប់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកូរ៉េខាងជើងបានទទូចថា វាគ្រាន់តែជាការសាកល្បងឧបករណ៍ សម្រាប់បាញ់គ្រាប់រ៉ូកែតដ៏ធំមួយ របស់ខ្លួនប៉ុណ្ណោះ។

លើសពីការឆ្លើយតបបែបនេះ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយបែបគម្រាមថា ប្រទេសជប៉ុនអាចនឹងមើលឃើញជាក់ស្តែង នូវអ្វីដែលគេហៅថា ជាមីស៊ីលផ្លោងដ៏ពិតប្រាកដ នៅក្នុងពេលខាងមុខ មិនយូរពេកនោះទេ។

គួររំលឹកដែរថា កូរ៉េខាងជើងគឺស្ថិតនៅក្នុងបញ្ជីខ្មៅនៃប្រទេស ដែលមិនត្រូវបានអនុញ្ញាត ឲ្យអាចធ្វើការធ្វើតេស្តសាកល្បង ឬបាញ់គ្រាប់មីស៊ីលប្រភេទឆ្លងទ្វីបឡើយ យោងទៅតាមច្បាប់ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា អង្គការសហប្រជាជាតិ៕

ប្រែសម្រួល:ស៊ុនលី

To Top