ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលវៀតណាម រឹតបន្តឹងលើកម្ចី សម្រាប់វិស័យអចលនទ្រព្យ

បរទេស៖ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាម បានជំនួសសារាចរពីមុនរបស់ខ្លួន លើសមាមាត្រសុវត្ថិភាពប្រតិបត្តិការ សម្រាប់វិស័យធនាគារ ដោយសារាចរលេខ ២២ ដោយចូលជាធរមាននៅថ្ងៃទី ១ ខែមករា វាផ្តោតលើការផ្លាស់ប្តូរចំនួនពីរ ដែលនឹងរឹតបន្តឹងការផ្តល់ប្រាក់កម្ចី របស់ធនាគារទៅក្នុងវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទាំងនេះគឺជាការកាត់បន្ថយ សមាមាត្រនៃមូលនិធិរយៈពេលខ្លី ដែលអាចត្រូវបានប្រើសម្រាប់ប្រាក់កម្ចី រយៈពេលមធ្យមនិងរយៈពេលវែងពី ៤០ ភាគរយទៅ ៣០ ភាគរយនៅត្រឹមខែកញ្ញាឆ្នាំ ២០២២ ជាបួនដំណាក់កាល និងការកើនឡើង នៃសមាមាត្រហានិភ័យ នៃប្រាក់កម្ចីទិញផ្ទះពី បច្ចុប្បន្ន ៥០ ភាគរយដល់ ១៥០ ភាគរយ និងប្រាក់កម្ចីសម្រាប់ អចលនទ្រព្យពាណិជ្ជកម្មដល់ ២០០ ភាគរយ។

ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូររបស់ធនាគារកណ្តាល គឺសំដៅកាត់បន្ថយឥណទាន ដល់វិស័យដែលមានហានិភ័យខ្ពស់ ជាពិសេសលើវិស័យអចលនទ្រព្យ។

ធនាគារកណ្តាលបាននិយាយថា ការកំណត់ប្រាក់កម្ចី ដល់វិស័យអចលនទ្រព្យ គឺសំដៅធានាឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងសុវត្ថិភាពនៃវិស័យធនាគារ។

ចំណែកអ្នកសង្កេតការណ៍ទីផ្សារ បាននិយាយថា ការរឹតបន្តឹងនេះអាចធ្វើឱ្យ ទីផ្សារអចលនទ្រព្យធ្លាក់ចុះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top