ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន នឹងសងបំណុលជាង ៩៣លានដុល្លារ ទៅឱ្យអតីតសហភាពសូវៀត

មូស្គូ៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ ពីពិធីចុះហត្ថលេខាថា ប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយសំណង និងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុទៅវិញទៅមក លើប្រតិបត្តិការ របស់អតីតសហភាពសូវៀត ដោយប៉ាគីស្ថាន នឹងសងសំណង ទៅឱ្យរុស្ស៊ីសរុប ៩៣,៥លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយភាគីរុស្ស៊ី គឺអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Sergey Storchak ចំណែកភាគីប៉ាគីស្ថាន គឺមានឯកអគ្គរដ្ឋទូត Qazi Khalilullah ។

ការសងបំណុលនេះ តាមសេចក្តីរាយការណ៍ នឹងធ្វើឱ្យរុស្ស៊ីអាចវិនិយោគប្រហែល ៨ លានដុល្លារលើវិស័យផ្សេងៗគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងឧស្សាហកម្មថាមពល និងដែកថែប។

សូមជម្រាបថា នៅទសវត្សឆ្នាំ ១៩៨០ សហភាពសូវៀត បាននាំចូលពីវាយនភ័ណ្ឌ ពីប្រទេសប៉ាគីស្ថាន និងផលិតផលផ្សេងទៀត ហើយបានបើកគណនីធនាគារពីរ នៅក្នុងធនាគារជាតិប៉ាគីស្ថាន (NBP) សម្រាប់គោលបំណងទាំងនេះ។ ដោយសារតែការដួលរលំ នៃសហភាពសូវៀត អ្នកនាំចេញប៉ាគីស្ថានមួយចំនួន នៅតែមិនបង់ប្រាក់ សម្រាប់ទំនិញរបស់ពួកគេ។ នៅឆ្នាំ ១៩៩៦ តុលាការកំពូល Sindh បានកំណត់ការផ្ទេរមូលនិធិ ពីគណនីធនាគាររុស្ស៊ីរបស់ NPB ៕ ប្រែសម្រួលៈ ណៃ តុលា

To Top