ព័ត៌មានអន្តរជាតិ

មហាក្សត្រអារ៉ាប៊ីសាអូឌីត បង្ហាញការអាណិតអាសូរ ជាមួយលោក ត្រាំ តាមទូរស័ព្ទ ចំពោះការបាញ់ប្រហារ នៅមូលដ្ឋានទ័ពជើងទឹក

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានបង្ហាញថា ព្រះមហាក្សត្ររបស់ ប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្តល់នូវការអាណិតអាសូរ នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកបាញ់សម្លាប់នៅស្ថានីយ៍ កងទ័ពជើងទឹកនៅរដ្ឋ Florida គឺជាអ្នកបណ្តុះបណ្តាល អាកាសចរណ៍អារ៉ាប៊ីសាអូឌីត។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ត្រាំ បានបញ្ជាក់នៅក្នុងបណ្តាញសង្គម ធ្វីធើរ នៅថ្ងៃសុក្រថា ព្រះមហាក្សត្រ Salman បានបង្ហាញថា ឧប្បត្តិហេតុនេះ “គ្មានរូបរាងនិងទម្រង់ណាមួយ” ដែលតំណាងឱ្យជនជាតិ អារ៉ាប៊ីសាអូឌីតឡើយ។

លោកបាននិយាយថា «ស្តេច Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបតែបានអំពាវនាវ ដើម្បីសំដែងនូវការចូលរួមរំលែកទុក្ខ និងការអាណិតអាសូរចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកចម្បាំង ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងរងរបួស នៅក្នុងការវាយប្រហារដែលបាន កើតឡើងនៅមូលដ្ឋានទ័ពជើងទឹក Pensacola រដ្ឋ Florida ។ ព្រះមហាក្សត្រ Salman បានមានបន្ទូលថា ប្រជាជនអារ៉ាប៊ីសាអ៊ូឌីត មានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើដ៏ឃោរឃៅ របស់អ្នកបាញ់ប្រហារ ហើយបុគ្គលនេះមិនមានលក្ខណៈ ឬទម្រង់ណាមួយបង្ហាញពី អារម្មណ៍របស់ប្រជាជនអារ៉ាប៊ីសាអូឌីត ដែលស្រឡាញ់ប្រជាជនអាមេរិកនោះទេ។

ការកត់សម្គាល់នេះកើតឡើង ភ្លាមៗបន្ទាប់ពីអភិបាលរដ្ឋ រដ្ឋផ្លរីដា លោក Ron DeSantis បានបញ្ជាក់ថាបុគ្គលដែលសង្ស័យថា បានបាញ់សម្លាប់នៅឯស្ថានីយ៍អវកាស របស់កងទ័ពជើងទឹករបស់រដ្ឋ Florida គឺជាជនជាតិអារ៉ាប៊ីសាអូឌីត ដែលបានមកដល់មូលដ្ឋាននេះដើម្បីហ្វឹកហាត់ផ្នែកអាកាសចរណ៍។ ក្រុមមន្រ្តីបានកត់សម្គាល់ថា មូលដ្ឋាននេះជារឿយៗទទួល និស្សិតអន្តរជាតិរាប់រយនាក់ដែលចាប់អារម្មណ៍ក្នុងការ បណ្តុះបណ្តាលនៅមូលដ្ឋាន។

ប៉ុន្មានម៉ោងបន្ទាប់ពី សារក្នុងធ្វីតធ័ររបស់លោក Trump ត្រូវបានផ្សព្វផ្សាយ ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានចេញសេចក្តីថ្លែងការណ៍ មួយដែលបង្ហាញថា ព្រះមហាក្សត្រ Salman បានបញ្ជាឱ្យសេវាកម្មសន្តិសុខ អារ៉ាប៊ីសាអ៊ូឌីត សហការជាមួយសមភាគីអាមេរិក សម្រាប់រយៈពេលនៃការស៊ើបអង្កេតលើការបាញ់ប្រហារនេះ។

សូមជម្រាបថា អាជ្ញាធរបានបង្ហាញថា ការបាញ់ប្រហារបានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រ ហើយវាត្រូវបានបញ្ឈប់ ជាយថាហេតុដោយប៉ូលីសតំបន់ពីរនាក់មុនម៉ោង ៨ ព្រឹក។ ការបាញ់ប្រហារបានកើតឡើងនៅខាងក្នុងថ្នាក់រៀនមួយ និងគ្របដណ្តប់ពីរជាន់នៃអគារ។ ហេតុការណ៍នេះបាន បញ្ចប់ដោយមានមនុស្ស ៤ នាក់បានស្លាប់ រួមទាំងអ្នកបាញ់ប្រហារផង ចំណែកមនុស្ស ៧ នាក់ផ្សេងទៀតបានរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top