ព័ត៌មានអន្តរជាតិ

ចិន និងឥណ្ឌា ប្តេជ្ញាប្រកៀកស្មារគ្នា ប្រឆាំងនឹងភេវកម្ម ដែលកំពុងញាំញី ពិភពលោក

បរទេស៖ កងទ័ពឥណ្ឌា កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា សមយុទ្ធរួមគ្នាលើកទី ៨ របស់កងទ័ពចិន និងឥណ្ឌា បានគូសបញ្ជាក់សារ ដែលថា ប្រទេសទាំងពីរ “យល់ច្បាស់ពីការគំរាមកំហែង ដែលកំពុងកើតមាននៃអំពើភេរវកម្ម ហើយឥណ្ឌានិងចិន នឹងប្រកៀកស្មារគ្នា ក្នុងការទប់ទល់នឹងភាពគំរាមកំហែង ដែលកំពុងញាំញីពិភពលោក” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមកងទ័ពចិន កំពុងចូលរួមក្នុងសមយុទ្ធនៅកម្រិត ក្រុមអ្នកធ្វើការក្នុងនាវាឬយន្ដហោះ ជាមួយទីបញ្ជាការកងវរសេនាតូចរៀងៗខ្លួនដែលគ្រប់គ្រង ការបណ្តុះបណ្តាល។

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា លោក Wing Commander Ratnakar Singh បាននិយាយថា សមយុទ្ធរួមគ្នារយៈពេលពីរសប្តាហ៍ មានគោលបំណងដើម្បីអនុវត្តផែនការរួមគ្នា និងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់ពាក់កណ្តាលទីក្រុង។

យោងតាមមន្រ្តីបានអោយដឹងថា សមយុទ្ធនេះផ្តោតលើការបណ្តុះបណ្តាលតាមរយៈការបង្រៀន និងការធ្វើសមយុទ្ធផ្សេងៗ ដែលទាក់ទងនឹងការដោះស្រាយប្រឆាំងភេរវករ និងការបាញ់អាវុធ ជាមួយគ្នាទៅវិញទៅមក, កម្មវិធីឧបសគ្គនៃការប្រយុទ្ធ, ប្រតិបត្តិការ ពិសេសពីឧទ្ធម្ភាគចក្រ និងករណីសិក្សា នៃប្រតិបត្តិការផ្សេងៗដែលធ្វើឡើងក្នុងការប្រឆាំងភេរវកម្ម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top