ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី អាមេរិកលោក អូបាម៉ា ធ្វើទស្សនកិច្ច នៅវៀតណាម

បរទេស៖ សមាជិកការិយាល័យនយោបាយ និងជាលេខាធិការគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ លោកង្វៀន ធីញញ៉ាន់ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច សម្រាប់អតីតប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ។

នៅក្នុងកិច្ចប្រជុំនោះ វៀតណាមបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា បង្ហាញពីការយកចិត្តទុកដាក់ បន្តរបស់លោកចំពោះទំនាក់ទំនង វៀតណាម-អាម៉េរិក ក៏ដូចជាការអភិវឌ្ឍរបស់ ប្រជាជាតិអាស៊ីអាគ្នេយ៍ ។

មេដឹកនាំទីក្រុងហូជីមិញរូបនេះ បានកោតសរសើរចំពោះការ រួមចំណែករបស់លោកអូបាម៉ា ចំពោះទំនាក់ទំនងទ្វេភាគីនៅ ពេលដែលលោកធ្វើជា ប្រធានាធិបតីសហរដ្ឋអាមេរិក ជាពិសេសក្នុងរយៈពេល ដែលប្រទេសទាំងពីរបានបង្កើត ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០១៣ ។

លោកង្វៀន ធីញញ៉ាន់ បាននិយាយថា លោកសង្ឃឹមថា លោកអូបាម៉ានឹងបន្តជំរុញទំនាក់ទំនង ទ្វេភាគីជាពិសេសក្នុងបរិបទ ដែលវៀតណាមនិងសហរដ្ឋអាមេរិក កំពុងរៀបចំដើម្បីអបអរសាទរខួប លើកទី២៥ នៃការធ្វើឱ្យប្រក្រតី នៃចំណងទ្វេភាគី នៅឆ្នាំ២០២០ ។

ទន្ទឹមនឹងការកោតសរសើរ ការបរិច្ចាគរបស់លោកអូបាម៉ា និងភរិយារបស់លោក គឺលោកស្រី មីឆែល ចំពោះការអភិវឌ្ឍការអប់រំ ជាពិសេសសម្រាប់ក្មេងស្រី មេដឹកនាំក្រុងហូជីមីញរូបនេះ បានសម្តែងនូវគោលបំណងថា តាមរយៈមូលនិធិអូបាម៉ាគម្រោង ជំនួយអភិវឌ្ឍន៍បន្ថែមទៀតនឹងត្រូវ បានអនុវត្តនៅតាមមូលដ្ឋាន របស់វៀតណាមនាពេលអនាគត។

លោកអូបាម៉ាបាននិយាយថា លោកមានសេចក្តីរីករាយ ដែលបានឃើញថា វៀតណាមនិងសហរដ្ឋអាមេរិកកំពុង ពិភាក្សាគ្នាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top