ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានកូរ៉េខាងជើង ប្រឆាំងអាកប្បកិរិយា មិនត្រឹមត្រូវ

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិសប្ដាហ៍នេះ ប្រឆាំងនឹងការបន្តធ្វើណាមួយ នូវឥរិយាបថមិនត្រឹមត្រូវ ក្រោយពីក្រុងព្យុងយ៉ាងបង្កឲ្យអន្តរជាតិមានក្តីព្រួយបារម្ភ តាមរយៈការកំណត់ពេលផុតកំណត់ចុងឆ្នាំ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ធ្វើការពិចារណាឡើងវិញ នូវវិធីសាស្ត្រការទូត។ 

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក David Stilwell បានមានប្រសាសន៍ថា “យើងបានស្តាប់លឺការគម្រាមកំហែងពីមុន” នៅពេលត្រូវគេសួរថា តើទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភអំពីវិលទៅរកការតេស្តមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើង ដែលប្តេជ្ញាដើរលើផ្លូវថ្មី ប្រសិនបើសហរដ្ឋអាមេរិក មិនធ្វើការបត់បែនបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែដែលជាប់គាំងដែរឬក៏អត់។ 

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាង បានធ្វើតេស្តសាកល្បងអាវុធជាបន្តបន្ទាប់ និងបានធ្វើការប្រមាថដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្កឲ្យមានការភ័យខ្លាចថា ប្រទេសទាំងពីរអាចនឹងវិលទៅរកជម្លោះ ដូចដែលធ្លាប់មាន មុនពេលលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុ ន ប្រារព្ធធ្វើជំនួបកំពូលដំបូង កាលពីឆ្នាំមិញ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top