បរទេស៖ ឧស្សាហកម្មការពារជាតិ របស់ទីក្រុងអង់ការ៉ា នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសតួកគី ខិតចូលកាន់ តែជិតការធ្វើកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារមីស៊ីល S-400 ទីពីរ ពីប្រទេសរុស្ស៊ី ហើយកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានចុះហត្ថលេខា នៅមុនខែមេសា នៅពេលដែល កងប្រព័ន្ធការពារមីស៊ីល ទីមួយ ត្រៀមជាស្រេច ដើម្បីដាក់ប្រើប្រាស់។
ប្រធានការិយាល័យ ឧស្សាហកម្មការពារជាតិ របស់ប្រទេសតួកគី លោក Ismail Demir បាននិយាយប្រាប់ក្រុម អ្នកសារព័ត៌មានថា កិច្ចពិភាក្សា របស់ប្រទេសតួកគី ជាមួយប្រទេសរុស្ស៊ី ជុំវិញការផ្ទេរ បច្ចេកវិទ្យា និងសហផលិតកម្ម លើកងប្រព័ន្ធការពារ S-400 ទីពីរ ទើបត្រូវតែបានបន្ត។
លោក Ismail Demir បានមានប្រសាសន៍ បន្ថែមទៀតថា ទីក្រុងអង់ការ៉ា នៅតែមានចាប់អារម្មណ៍ ក្នុងការទិញប្រព័ន្ធ ការពារមីស៊ីល អាមេរិក Patriot និងការគ្មាន លក្ខខណ្ឌមុន សម្រាប់ការពិភាក្សាគ្នា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានទទូចស្នើដដែលៗ ឲ្យប្រទេសតួកគី បោះបង់ឈប់ទិញ ប្រព័ន្ធការពារមីស៊ីល S-400 ដែលបង្កឲ្យជាប់គាំង ចំណងមិត្តភាព រវាងប្រទេស សម្ពន្ធមិត្តណាតូទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង