ញូដេលី៖ កាលពីខែមុន និយ័តករអាកាសចរណ៍ DGCA របស់ប្រទេសឥណ្ឌា បានផ្តល់ឱសានវាទដល់ ក្រុមហ៊ុនអាកាសចរណ៍ឯកជន IndiGo ដើម្បីដូរម៉ាស៊ីនរបស់យន្ដហោះប្រភេទ A320neo ចំនួន ៩៧ គ្រឿងរបស់ខ្លួននៅត្រឹមថ្ងៃទី ៣១ ខែមករា ដោយ DGCA បានព្រមានថា ចង់ចំណាយប្រាក់ ឬ ក៏ចង់ប្រឈមនឹងការមិនឱ្យហោះហើរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿងរបស់ IndiGo ដែលហោះហើរពី Udaipur នៅភាគខាងលិច ទៅ Bangalore នៅភាគខាងត្បូង ត្រូវដកចេញពីផ្លូវរត់ បន្ទាប់ពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បានប្រទះឃើញផ្សែងនៅខាងក្រោយរបស់យន្តហោះ។ ឧប្បត្តិហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភថ្មី អំពី សុវត្ថិភាពរបស់យន្តហោះ នៅពេលដែលវាបានកើតឡើងបន្ទាប់ពីមានបញ្ហា បច្ចេកទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
សូមជម្រាបផងដែរថា នេះជាឧប្បត្តិហេតុទី ២ ហើយ នៃកំហុសបច្ចេកទេស របស់យន្តហោះ A320neo ចាប់តាំងពីថ្ងៃច័ន្ទ (១៦ ធ្នូ) ៕
ប្រែសម្រួលៈ ណៃ តុលា