ព័ត៌មានអន្តរជាតិ

រុស្សីបញ្ជាក់ ហើយថាការវាយប្រហារ លើការិយាល័យចារកម្ម គឺជាផែនការ របស់បុគ្គលប៉ុណ្ណោះ

បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចេញមកអះអាង ហើយថាបុរសតែម្នាក់គត់ គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅល្ងាចថ្ងៃព្រហស្បតិ៍ នៅទីស្នាក់ការកណ្តាល របស់សេវាសន្តិសុខ សហព័ន្ធ នៅកណ្តាលទីក្រុងមូស្គូ ដែលបានសម្លាប់បុគ្គលិក ពីរនាក់ របស់ទីភ្នាក់ងារនេះ។

ទីភ្នាក់ងារចារកម្ម របស់ប្រទេសរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយនេះទៀត កាលពីថ្ងៃសុក្រ ថាជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត នៅឯកន្លែងកើតហេតុ និងអ្នកទី២បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក។ ក្រៅពីនេះមនុស្ស៥នាក់ទៀត រួមទាំងជនស៊ីវិលម្នាក់ បានរងរបួស ហើយអ្នកបាញ់ប្រហារម្នាក់ ត្រូវបានសម្លាប់ រួចហើយផងដែរ។

សេចក្តីថ្លែងការណ៍ដដែល បានប្រកាសកំណត់ អត្តសញ្ញាណអ្នកវាយប្រហាររូបនេះ មានឈ្មោះថា Evgeny Manyurov អាយុ ៣៩ ឆ្នាំជាអ្នករស់នៅ ទីក្រុងមូស្គូ។ របាយការណ៍ដំបូង បាននិយាយថា មានបុរសចំនួន៣ នាក់បានចូលរួម ក្នុងការវាយប្រហារនេះ ហើយវីដេអូដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម បានបង្ហាញថាក្រុមមន្រ្តី បាននឹងកំពុងធ្វើការស្រាវជ្រាវ បន្ថែមទៅលើមនុស្ស នៅក្នុងតំបន់បន្ទាប់ ពីការបាញ់ប្រហារ៕

ប្រែសម្រួល:ស៊ុនលី

To Top