ព័ត៌មានអន្តរជាតិ

ចិន នឹងបន្ថយពន្ធនាំចូល លើផលិតផលចំនួន ៨៥៩មុខ ចាប់ពីឆ្នាំក្រោយ

បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងកាត់បន្ថយពន្ធគយលើផលិតផលជាង ៨៥០មុខ ដែលមានចាប់តាំងពីសាច់ជ្រូកឡើងទៅ ក្នុងគោលបំណងលើកកម្ពស់ លំហូសេរីនៃការធ្វើពាណិជ្ជកម្ម ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការពន្ធគយ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បាននិយាយប្រាប់ថា ដោយមានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ផែនការនេះនឹងអនុវត្ត ពន្ធគយបណ្ដោះអាសន្ន ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លើផលិតផលចំនួន៨៥៩មុខ នៅកម្រិតអត្រាទាបជាងខ្លាំង ពីអ្វីដែលប្រទេសធ្លាប់ធ្វើ ។

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ បាននិយាយថា ទង្វើបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រីកការនាំចូល លើកកម្ពស់ជំនួញ និងពន្លឿនយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្រវ៉ាត់ផ្លូវរបស់ប្រទេសចិន ដែលមានគោលដៅជំរុញ ឲ្យមានសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនងគ្នា នៅក្នុងចំណោមប្រទេសអាស៊ី៕

ប្រែសម្រួល៖ ប៉ាង កុង

To Top