ព័ត៌មានអន្តរជាតិ

ចិន បញ្ជូននាវាផ្ទុកយន្តហោះ ធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ ស្របពេលការបោះឆ្នោត ខិតចូលកាន់តែជិត

បរទេស៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានបញ្ជូននាវាផ្ទុកយន្តហោះខ្លួន ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលការការធ្វើយុទ្ធនាការបោះឆ្នោត ជ្រើសប្រធានាធិបតីតៃវ៉ាន់  កំពុងខិតចូលមកកាន់តែជិត និងស្របពេលមានភាពតានតឹង កើនឡើងជាមួយទីក្រុងប៉េកាំង។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មួយ ដែលដឹងពីផែនការសន្តិសុខ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ដំណើរប្រតិបត្តិការល្បាតរបស់ទ័ពជើងទឹកចិននេះ គឺជាការប៉ុនប៉ងដ៏ថ្មីបំផុតរបស់ទីក្រុងប៉េកាំង ក្នុងការជ្រៀតជ្រែក នៅក្នុងដំណើរបោះឆ្នោតរបស់កោះតៃវ៉ាន់។ 

ចំណែកការិយាល័យ ប្រធានាធិបតីនៃកោះតៃវ៉ាន់វិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយប្រាប់យ៉ាងដូច្នេះថា “វាជាទំនួលខុសត្រូវ និងជាភារកិច្ចសម្រាប់ភាគីទាំងពីរ នៅទូទាំងច្រកសមុទ្រនេះ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព និងព្យាយាមប្រឹងប្រែងសម្រាប់សុខុមាលភាពរបស់ប្រជាជន” ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top