ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា បញ្ហាអាកាសធាតុបានបង្កផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិភ្លើងឆេះព្រៃ ដែលបានឆេះរាលដាលទូទំាងប្រទេសអូស្ត្រាលី គិតនៅត្រឹមថ្ងៃចន្ទនេះ ។ ជាមួយគ្នានេះដែរមានការព្រមានអំពីការសង្គ្រោះបន្ទាន់ សម្រាប់រដ្ឋចំនួន៤ដែលមានសីតុណ្ហភាពកើនឡើងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងផងដែរ ។
កម្លាំងនៃខ្យល់បក់ គឺមានប្រមាណ១០០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបានបក់នៅភាគអាគ្នេយ៏នៃប្រទេសអូស្ត្រាលី ទន្ទឹមនឹងនេះដែរ សីតុណ្ហភាពបានកើនឡើង លើសពី៤០អង្សាសេ ដែលបង្កការលំបាកដល់ក្រុមពន្លត់អគ្គីភ័យជួយសង្គ្រោះ ។
លោក Jonathan How អ្នកវិទ្យាសាស្ត្រមកពីការិយាល័យឧតុនិយមបានពន្យល់ថា “អគ្គីភ័យបានបង្កឲ្យមានគ្រោះថ្នាក់ ដែលនាំឲ្យកម្តៅកើនឡើងខ្លាំង និងបង្កឡើងឲ្យមានការខូចខាតខ្លាំងថែមទៀតតាមរយៈកម្លាំងខ្យល់ បោកបក់ពីក្នុងតំបន់នៃប្រទេសអូស្ត្រាលី” ។
ពលរដ្ឋប្រមាណ ៣០.០០០នាក់ នៅរដ្ឋ Victoria នៃតំបន់ East Gippsland ត្រូវបានគេបា្រប់ថា នឹងធ្វើការជម្លៀសខ្លួនចេញ ខណៈដែលភ្លើងមិនអាច គ្រប់គ្រងស្ថានការណ៍បាន ដែលបានគំរាមកំហែងដល់សហគមន៍នៅទីនោះ ។
កន្លងមកតាមការប៉ាន់ប្រមាណ ភ្លើងឆេះព្រៃនៅអូស្ត្រាលី បានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋអស់ ១.០០០ខ្នង រួមទាំងបានសម្លាប់មនុស្សចំនួន៩នាក់ ក្នុងនោះបូករួមទាំងក្រុមស្ម័គ្រចិត្ត ពន្លត់អគ្គីភ័យ២នាក់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា