បរទេស៖ អគ្គិសនីរដ្ឋ EVN របស់ប្រទេសវៀតណាម នឹងទិញអគ្គិសនីប្រហែល ១,៥ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំពីប្រទេសឡាវ សម្រាប់រយៈពេល ២ ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ ២០២១ តទៅ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) នឹងទិញជាង ៥៩៦ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំពីរោងចក្រវារីអគ្គិសនីចំនួន ២ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Phongsubthavy Group និង ៦៣២ លានគីឡូវ៉ាត់ម៉ោងពីរោងចក្រចំនួន ២ ដែលជារបស់ក្រុមហ៊ុន Chealun Sekong Group ចាប់ពីឆ្នាំ ២០២២ ។
ចាប់ពីឆ្នាំ ២០២១ វៀតណាមនឹងចាប់ផ្តើមទិញ ២៦៣ លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំពីរោងចក្រមួយផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបន្ទាប់។
ការនាំចូលថាមពលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលវៀតណាម ដើម្បីកាត់បន្ថយកង្វះថាមពលដែលត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ដល់ប្រទេសនេះចាប់ពីឆ្នាំ២០២០នេះទៅ។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមប៉ាន់ប្រមាណថា នឹងមានការខ្វះខាតថាមពលចំនួន ៣.៧ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១ និងជិត ១០ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំបន្ទាប់៕
ប្រែសម្រួលៈ ណៃ តុលា