ប៊ែកឡាំង៖ នៅក្នុងសេចក្តីថ្លែងការណ៍រួម អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel , ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអំពាវនាវ ឲ្យ អ៊ីរ៉ង់អត់ធ្មត់ ដើម្បីចៀសពីការធ្វើសកម្មភាពផ្ទុយ នឹងសន្ធិសញ្ញាផែនការ សកម្មភាពរួម (JCPOA) ឆ្នាំ ២០១៥ ដែលត្រូវបានគេ ស្គាល់ក្រៅផ្លូវការថា ជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ មេដឹកនាំទាំងបី បានធ្វើការសន្ទនាតាមទូរស័ព្ទរួមគ្នា បន្ទាប់ពីមានភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា ដោយសារ តែការធ្វើឃាតលោកឧត្តមសេនីយ៍ Qasem Soleimani ដែលជាមេបញ្ជាការរបស់កងកម្លាំងពិសេស Quds នៃកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់អាមេរិកនៅទីក្រុងបាកដាត។
ការធ្វើឃាតនេះបានបណ្តាល ឱ្យមានកំហឹងនៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅលើពិភពលោក។ រដ្ឋាភិបាលទីក្រុង តេហេរ៉ង់បានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា ជាលទ្ធផល នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ លើឧត្តមសេនីយ៍កំពូលរបស់ខ្លួន ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ គឺខ្លួន (អ៊ីរ៉ង់) នឹងបញ្ឈប់កាតព្វកិច្ច ដែលនៅសេសសល់ក្រោម JCPOA ដែលជោគវាសនា របស់ខ្លួនមិនច្បាស់លាស់ បន្ទាប់ពី លោក ដូណាល់ ត្រាំ បានដកអាមេរិកជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ ។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ ដោយគណៈរដ្ឋមន្ត្រី អាល្លឺម៉ង់កាលពីល្ងាចថ្ងៃ អាទិត្យបាននិយាយថា «យើងសូមអំពាវនាវ ជាពិសេស ដល់អ៊ីរ៉ង់ឱ្យចៀសវាង ពីអំពើហឹង្សាបន្ថែមទៀត និងគាំទ្រសកម្មភាពបែបនេះ ហើយយើងសូមជំរុញឱ្យអ៊ីរ៉ង់អត់ធ្មត់ ពីការធ្វើសកម្មភាពនានា ដោយមិនអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ»។
សូមជម្រាបថា អ៊ីរ៉ង់ប្រកាសឈប់អនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្រោយសហរដ្ឋអាមេរិក សម្លាប់មេដឹកនាំយោធា របស់ខ្លួន ។ រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសថា ខ្លួននឹងមិនអនុវត្តទៅតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ទៀតទេ ហើយថា អ៊ីរ៉ង់នឹងឈប់ដាក់កម្រិត ទៅលើបរិមាណជាតិ អ៊ុយរ៉ានីញ៉ូម ដែលខ្លួនប្រើប្រាស់ទៀតហើយ៕
ប្រែសម្រួលៈ ណៃ តុលា