ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីរ៉ង់ប្រហែល ១ម៉ឺននាក់ នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ Qassem Soleimani

បរទេស៖ មេបញ្ជាការកងកម្លាំងពិសេស Quds របស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Qassem Soleimani ត្រូវបានសម្លាប់កាលពីថ្ងៃទី ៣ ខែមករា ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិ Baghdad ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ Soleimani កំពុងរៀបចំផែនការបំផ្លិចបំផ្លាញ ប្រឆាំងនឹងទ្រព្យសម្បត្តិអាមេរិក នៅមជ្ឈឹមបូព៌ា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើឃាតឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ រួមជាមួយសមាជិកជាន់ខ្ពស់ដទៃទៀត នៃកងជីវពលអ៊ីរ៉ាក់ បានធ្វើឱ្យមជ្ឈិមបូព៌ានិងពិភពលោក មានការភ័យខ្លាចចំពោះសង្គ្រាមពេញទំហឹង។

សាកសពរបស់មេបញ្ជាការ កងកម្លាំងពិសេស Quds Force រូបនេះ ត្រូវបានបញ្ជូនទៅអ៊ីរ៉ង់ មុនពេលបញ្ចុះសពបន្ទាប់ពី មនុស្សរាប់ពាន់នាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍អ៊ីរ៉ង់។

កាលពីថ្ងៃអាទិត្យពិធីបុណ្យសព ត្រូវបានធ្វើឡើងនៅទីក្រុង Ahvaz និងនៅកន្លែងធ្វើធម្មយាត្រាសាសនា Mahshad ។

នៅថ្ងៃច័ន្ទនេះ មានមនុស្សប្រហែល ១ម៉ឺននាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងក្រុងតេហេរ៉ង់ ដើម្បីគោរពដល់លោក Soleimani ។ មេដឹកនាំកំពូលៗរបស់ IRGC ទាំងមូល ក៏ចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ក្នុងពិធីនេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×