បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិន ចាកចេញពីប្រទេសអ៊ីរ៉ាក់នោះទេ ប្រសិនបើប្រទេសនេះ នៅមិនទាន់សងថ្លៃមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ដែលទីក្រុងវ៉ាស៊ីនតោន បានសាងសង់នៅទីនោះ។
យោងតាមប្រភពព័តមានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន វីអូអេ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ កំពុងតែមានប្រតិកម្មខ្លាំង ចំពោះសេចក្តីសម្រេចនៃ រដ្ឋសភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ដែលជំរុញឲ្យរដ្ឋាភិបាលបណ្ដេញកងទ័ពអាមេរិកចំនួន ៥.២០០នាក់ចេញ។
លោក ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One នៅរាត្រីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពអាកាសដ៏ថ្លៃក្រៃលែងមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលចំណាយប្រាក់អស់រាប់ពាន់លានដុល្លារ សម្រាប់ការសាងសង់វាឡើង៕
ប្រែសម្រួល៖ ប៉ាង កុង