ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងកម្លាំងអ៊ីរ៉ង់ថា ការសងសឹកដ៏ឃោរឃៅ នឹងជិតមកដល់ ជុំវិញបញ្ហាអាមេរិក សម្លាប់ឧត្តមសេនីយ៍ Soleimani

បរទេស៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានយោធានៅទីក្រុង Erbil និងមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅអ៊ីរ៉ាក់ ជាកន្លែង ដែលកងកម្លាំងអាមេរិកបានឈរជើង កាលពីព្រឹកព្រលឹមថ្ងៃទី ៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាត របស់ក្រុងវ៉ាស៊ីនតោន ទៅលើមេបញ្ជាការកងកម្លាំងពិសេស Quds អ៊ីរ៉ង់ គឺលោក Qasem Soleimani ហើយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានហៅការវាយប្រហារនេះថាជា « ទះកំផ្លៀងអាមេរិក»។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេបញ្ជាការកងកម្លាំង ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Abdollah Araghi បានព្រមានថា អ៊ីរ៉ង់នឹងសងសឹកកាន់តែខ្លាំងឡើង នាពេលខាងមុខនេះ ដើម្បីឆ្លើយតប នឹងការវាយប្រហារមីស៊ីលរបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍ របស់ IRGC និងមេបញ្ជាការរបស់ Quds គឺលោក Qasem Soleimani នៅថ្ងៃទី ៣ ខែមករានេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Tasnim News Agency បានរាយការណ៍។

សេចក្តីថ្លែងការណ៍របស់លោក Abdollah Araghi ធ្វើឡើងបន្ទាប់ពីនាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri បានព្រមានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា រាល់ការវាយប្រហារនាពេលអនាគត របស់សហរដ្ឋអាមេរិក នឹងត្រូវឆ្លើយតបវិញ កាន់តែខ្លាំងក្លា កាន់តែកម្ទេច និងកាន់តែទូលំទូលាយជាងមុន ពីសាធារណរដ្ឋអ៊ីស្លាម ទ្វេដងដែលខ្លួន បានផ្តល់ឱ្យកាលពីថ្ងៃទី ៨ ខែមករា៕ ប្រែសម្រួលៈ ណៃ តុលា

To Top