បរទេស៖ ប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃសៅរ៍នេះថា យោធារបស់ខ្លួន បានច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន សម្លាប់អ្នកជិះលើយន្តហោះទាំងអស់ចំនួន១៧៦នាក់ គឺថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានបាញ់ចេញដោយសារភិតភ័យ ក្នុងខណៈប្រកាសអាសន្នខ្ពស់ ក្រោយធ្វើការវាយប្រហារ មីស៊ីលអ៊ីរ៉ង់ទៅលើគោលដៅអាមេរិកនៅអ៊ីរ៉ាក់។
នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានាធិបតីអ៊ីរ៉ង់ លោកហាស្សាន រ៉ូហានី បានសរសេរដូច្នេះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសឆ្គង់ដ៏អាក្រក់នេះ” ហើយលោកបានសន្យាថា អ្នកដែលនៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះអ៊ុយក្រែននោះទាំងអស់ នឹងត្រូវកាត់ទោស។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានធ្វើការបដិសេធអស់រយៈពេលជាច្រើនថ្ងៃ ក្រោយគ្រោះថ្នាក់យន្តហោះកាលពីថ្ងៃពុធ ដែលខ្លួនបានបាញ់ទម្លាក់ ប៉ុន្តែនៅថ្ងៃសៅរ៍នេះ មេបញ្ជាការការពារបដិវត្តន៍អ៊ីរ៉ង់ជាន់ខ្ពស់មួយរូប បាននិយាយថា លោកបានជូនដំណឹងប្រាប់ដល់អាជ្ញាធរនានា ស្តីពីការវាយប្រហារមីស៊ីល ដោយអចេតនានោះ នៅថ្ងៃតែមួយដែលវាបានកើតឡើង៕
ប្រែសម្រួល៖ប៉ាង កុង