បរទេស៖ ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន នឹងមិនផ្លាស់ប្តូរគោលជំហរខ្លួន ដែលថា កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សា អ៊ីងវិន ដែលបានជាប់ឆ្នោតម្តងទៀត បាននិយាយថា លោកស្រីនឹងមិនចាញ់ការគម្រាមកំហែងរបស់ចិន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយព្រមានថា លោកស្រីនឹងគ្រោះមហន្តរាយ។
ជាការឆ្លើយតបទៅនឹងលទ្ធផលបោះឆ្នោតនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បាននិយាយដូច្នេះថា “មិនថាមានអ្វីកើតឡើង ចំពោះស្ថានភាពផ្ទៃក្នុងនៅតៃវ៉ាន់នោះទេ ការពិតជាមូលដ្ឋាន ដែលថា មានប្រទេសចិនតែមួយប៉ុណ្ណោះក្នុងពិភពលោកនោះ ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន នឹងមិនផ្លាស់ប្តូរប្រែប្រួលនោះទេ”។
គួរបញ្ជាក់ថា ស្របពេលដែលប្រទេសចិន និយាយអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួននោះ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានធ្វើការអះអាងច្បាស់ៗថា ខ្លួនគឺជាប្រទេសឯករាជ្យមួយ ដែលមានឈ្មោះហៅជាផ្លូវការថា សាធារណរដ្ឋចិន៕
ប្រែសម្រួល៖ប៉ាង កុង

