ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា ចង់បានចម្លើយ ពិតប្រាកដពីអ៊ីរ៉ង់ ថាតើបានបាញ់យន្តហោះអ៊ុយក្រែន ច្រឡំ ឬមិនច្រឡំ?

បរទេស៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា ដែលថ្មីៗបានធ្វើសន្និសិទកាសែតមួយ ទាក់ទងនឹងការរកឃើញថ្មី ទាក់ទងនឹងការធ្លាក់យន្ដហោះអ៊ុយក្រែន នៅអ៊ីរ៉ង់ដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះរួមទាំងពលរដ្ឋកាណាដា ៥៧ នាក់។ លោកថា លោកនៅតែមានសំណួរជាច្រើនទាក់ទងនឹងការបាញ់ទម្លាក់ ធ្លាក់យន្តហោះអ៊ុយក្រែនពីសំណាក់អ៊ីរ៉ង់ ហើយលោកទទូចឱ្យមានការបញ្ជាក់ ភាពច្បាស់លាស់ពេញលេញ។ លោកនាយករដ្ឋមន្រ្តីកាណាដារូបនេះបានបន្ថែមថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចាំបាច់ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសកាណាដាត្រូវការ“ ចម្លើយច្បាស់លាស់” អំពីការធ្លាក់យន្ដហោះនេះ លោកនាយករដ្ឋមន្រ្តីបានទទូចក្នុងសន្និសីទកាសែត នៅទីក្រុងអូតាវ៉ាថា ជាការសំខាន់ដើម្បីកំណត់ថា តើការធ្លាក់យន្ដហោះពិតជាកំហុសមែន ឬយ៉ាងណា។

លោកថា « អ្វីដែលអ៊ីរ៉ង់បានសារភាពពិតជាធ្ងន់ធ្ងរណាស់។ ការបាញ់ទម្លាក់យន្តហោះស៊ីវិល គឺគួរឱ្យរន្ធត់ណាស់។ អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ។ ប្រទេសកាណាដានឹងមិនទុកបញ្ហានេះចោលឡើយ ទាល់តែយើងទទួលបានគណនេយ្យភាពយុត្តិធម៌ និងបិទដែលក្រុមគ្រួសារសមនឹងទទួលបាន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top