ព័ត៌មានអន្តរជាតិ

បារម្ភអាមេរិកដកខ្លួន ពីសង្គ្រាម, រដ្ឋមន្រ្តីក្រសួង ការពារជាតិអង់គ្លេសថា អង់គ្លេសត្រូវ តែពង្រឹងយោធា ដើម្បីកាត់បន្ថយ ការពឹងពាក់លើអាមេរិក

បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសត្រូវតែ “ បង្វែរទ្រព្យសម្បត្តិរបស់ខ្លួន” ដើម្បីកាត់បន្ថយការពឹងពាក់ផ្នែក យោធាលើសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោករដ្ឋមន្រ្តីបារម្ភថាប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពិតជាកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅជុំវិញពិភពលោក នោះបន្ទុកនឹងត្រូវដាក់លើរដ្ឋផ្សេងទៀតរួមទាំងចក្រភពអង់គ្លេសផងដែរ ជាពិសេសនៅក្នុងបរិយាកាសសន្តិសុខក្នុងតំបន់ដែលកំពុងតានតឹង នៅមជ្ឈឹមបូព៌ា។

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសត្រូវតែ វិនិយោគលើផ្នែករឹងនៃយោធាដើម្បីកាត់បន្ថយការពឹងផ្អែក លើសហរដ្ឋអាមេរិក។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានថា «ខ្ញុំបារម្ភប្រសិនបើសហរដ្ឋអាមេរិកដកខ្លួន ចេញពីភាពជាអ្នកដឹកនាំរបស់ខ្លួននៅជុំវិញពិភពលោក នោះវានឹងអាក្រក់សម្រាប់ពិភពលោកនិងអាក្រក់សម្រាប់យើង។ យើងមានផែនការសម្រាប់អ្វីដែលអាក្រក់បំផុត និងសង្ឃឹមថានឹងល្អបំផុត។ យើងពឹងផ្អែកខ្លាំងលើគម្របដែនអាកាសអាមេរិក និងការស៊ើបការណ៍អាមេរិក។ ការឃ្លាំមើលនិងទ្រព្យសម្បត្តិឃ្លាំមើល។ យើងត្រូវធ្វើពិពិធកម្មទ្រព្យសម្បត្តិរបស់យើង” ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស បានចង្អុលបង្ហាញថា ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចាត់វិធានការមួយចំនួនឆ្ពោះទៅការកាត់បន្ថយវត្តមាន យោធាអាមេរិកនៅមជ្ឈឹមបូព៌ា និងជំនួសវាដោយសមត្ថភាពរបស់ណាតូវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top