ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ កំពុងពិចារណាទិញ ប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី

បរទេស៖ ការជំរុញឲ្យទទួលបានអាវុធការពារនេះ កើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងអ៊ីរ៉ាក់និងអាមេរិក ដែលកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ទៅលើក្បួនរថយន្តមួយនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ប្រទេស អ៊ីរ៉ាក់ ដែលបានសម្លាប់មេបញ្ជាការកំពូលកងកម្លាំងពិសសេ Quds Force របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃគណៈកម្មាធិការសន្តិសុខនិងការពារជាតិរបស់អ៊ីរ៉ាក់ លោក Karim Elaiwi បាននិយាយថា រដ្ឋាភិបាលទីក្រុងបាកដាដ កំពុងពិចារណាក្នុងការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី ទំនើប S-400។ ចំពេលមានការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងឈប់គាំទ្រអ៊ីរ៉ាក់។

សមាជិកនៃគណៈកម្មាធិការសន្តិសុខនិងការពារជាតិរបស់អ៊ីរ៉ាក់រូបនេះបន្តថា យើងកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីមីស៊ីល S-400 ប៉ុន្តែមិនទាន់មានកិច្ចសន្យាណាមួយ ត្រូវបានចុះហត្ថលេខានៅឡើយទេ។ យើងចាំបាច់ត្រូវទទួលបានមីស៊ីលទាំងនេះ ជាពិសេសបន្ទាប់ពីជនជាតិអាមេរិកបានធ្វើឱ្យយើងខកចិត្ត ជាច្រើនដងដោយមិនបានជួយយើងក្នុងការទទួលបានអាវុធត្រឹមត្រូវ។ 

ក្រសួងការពារជាតិអ៊ីរ៉ាក់ ក៏ដូចជាមន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។

សមាជិកគណៈកម្មាធិការ ការពារសភាអ៊ីរ៉ាក់ម្នាក់ទៀតគឺលោក Abdul Khaleq al-Azzawi បានបញ្ជាក់ពីការផ្លាស់ប្តូររបស់រដ្ឋាភិបាលក្រុង បាកដាដ ដើម្បីចរចាទិញប្រព័ន្ធការពារដែនអាកាសពីទីក្រុងមូស្គូវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top